ម្ចាស់ផ្ទះជួលទាំងអស់មិនអាចធ្វើអាជីវកម្មលក់អគ្គិសនីទៅឱ្យអ្នកជួលបន្ទប់នីមួយៗបានទៀតទេ

ក្នុងក្របខណ្ឌច្បាប់ ម្ចាស់ផ្ទះជួលទាំងអស់ពុំអាចធ្វើអាជីវកម្មលក់អគ្គិសនីទៅឱ្យបន្ទប់ជួលនីមួយៗបានទេ។ ម្ចាស់ផ្ទះមានកាតព្វកិច្ចត្រូវសហការជាមួយអ្នកផ្គត់ផ្គង់អគ្គិសនីនៅតំបន់នោះទៅភ្ជាប់ចរន្តដល់បន្ទប់ជួលនីមួយៗ ដើម្បីឱ្យកម្មករ-កម្មការិនី-សិស្ស-និស្សិត និងប្រជាពលរដ្ឋទូទៅបានទទួលថ្លៃអគ្គិសនី ដែលរាជរដ្ឋាភិបាលបានបញ្ចុះជូន ជួយលើកដម្កើងជីវភាពរបស់ពួកគាត់ផង។ 

នេះបើតាមប្រសាសន៍របស់ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា។ដើម្បីឱ្យសេដ្ឋកិច្ចមានកំណើនជាវិជ្ជមាន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកយ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ​រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ដែលស្នាក់នៅបន្ទប់ជួលដូចជា កម្មករ-កម្មការិនី-សិស្ស-និស្សិត និងប្រជាពលរដ្ឋទូទៅ អាចមានលទ្ធភាពតភ្ជាប់ និងប្រើប្រាស់អគ្គិសនីតាមកម្រិតប្រើប្រាស់ ​និងតម្លៃអគ្គិសនីដែលទទួលបានការអនុគ្រោះ។ 

នាពេលកន្លងមកអ្នកស្នាក់នៅតាមបន្ទប់ជួលទទួលបានតម្លៃអគ្គិសនីខ្ពស់ជាងអ្នក ដែលស្នាក់នៅក្រៅតំបន់បន្ទប់ជួលដោយតម្លៃអគ្គិសនីនៅតាមបន្ទប់ជួល មានតម្លៃចន្លោះពី១៥០០រៀល ទៅ២៥០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង ខណៈដែលអ្នកជួលបន្ទប់ប្រើប្រាស់អគ្គិសនីជាមធ្យមក្នុងទំហំ១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ។ដើម្បីអោយអ្នកស្នាក់នៅបន្ទប់ជួលទទួលបានតម្លៃអនុគ្រោះ អាជ្ញាធរអគ្គិសនីកម្ពុជា ដែលមានតួនាទីក្នុងការត្រួតពិនិត្យការផ្តល់សេវាអគ្គិសនីទូទាំងប្រទេសបានតម្រូវឱ្យអ្នកកាន់អាជ្ញាបណ្ណអគ្គិសនីទាំងអស់ ជាពិសេសតំបន់ដែលមានទីតាំងបន្ទប់ជួលច្រើន ទាំងនៅរាជធានីភ្នំពេញ និងបណ្តាខេត្តឱ្យអនុវត្តការងារតភ្ជាប់ចរន្តអគ្គិសនីឱ្យដល់បន្ទប់ជួលឱ្យបានគ្រប់បន្ទប់។ការតភ្ជាប់ចរន្តអគ្គិសនីដោយផ្ទាល់ទៅដល់បន្ទប់ជួល គឺធ្វើឱ្យអ្នកជួលបន្ទប់ទទួលបានថ្លៃអគ្គិសនីទាប ស្របតាមថ្លៃអនុគ្រោះ ដែល អត្រាថ្លៃអគ្គិសនីត្រូវបានកំណត់ជាទូទៅនៅក្នុងឆ្នាំ២០១៩នេះគឺ ការប្រើប្រាស់ចាប់ពី១-១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ ត្រូវលក់ក្នុងតម្លៃ ៣៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង ការប្រើប្រាស់ចាប់ពី១១-៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ ត្រូវលក់ក្នុងតម្លៃ ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង ការប្រើប្រាស់ចាប់ពី៥១-២០០គីឡូវ៉ាត់ម៉ោងក្នុង១ខែ ត្រូវលក់ក្នុងតម្លៃ ៦១០រៀលក្នុង១គីឡូវ៉ាត់ម៉ោង រីឯការប្រើប្រាស់លើសពី ២០១គីឡូវ៉ាត់ម៉ោងក្នុង១ខែ ត្រូវលក់ក្នុងតម្លៃ ៧៤០រៀលក្នុង១គីឡូវ៉ាត់ម៉ោងដើម្បីអនុវត្តការងារនេះប្រកបដោយប្រសិទ្ធភាព ស្រ​បតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។

អាជ្ញាធរអគ្គិសនីកម្ពុជាបាននឹងកំពុងជម្រុញយ៉ាងខ្លាំង និងចុះត្រួតពិនិត្យលើការអនុវត្តការតភ្ជាប់ចរន្តអគ្គិសនីឱ្យបន្ទប់ជួលនៅតាមទីតាំងនិមួយៗទូទាំងប្រទេសជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ការតភ្ជាប់ចរន្តតាមបន្ទប់ជួលសម្រេចបានប្រមាណ ៣៤,១៦% លើ២០ខេត្ត-ក្រុង ដែលស្មើនឹង ៧០៤២បន្ទប់ នៃ ៤០១ទីតាំង។ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានសំណូមពរឱ្យម្ចាស់ផ្ទះជួលត្រូវមានកាតព្វកិច្ចសហការដោយត្រូវធ្វើការស្នើសុំមកអ្នកផ្គត់ផ្គង់អគ្គិសនីនៅតំបន់នោះ រួមទាំងអគ្គិសនីកម្ពុជាផងដែរ ដើម្បីឱ្យអ្នកផ្គត់ផ្គង់អគ្គិសនីមកតភ្ជាប់ចរន្តអគ្គិសនីនៅតាមបន្ទប់ជួលនីមួយៗ និងសំណូមពរដល់អាជ្ញាធរមូលដ្ឋានសូមចូលរួមសហការពន្យល់ណែនាំដល់ម្ចាស់ផ្ទះជួល ដើម្បីសម្រួលដល់ការងារតភ្ជាប់ចរន្តនៅតំបន់នោះបានងាយស្រួល។ 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.