ក្រុមគ្រូពេទ្យជួរមុខ១១នាក់ ទទួលអំណោយសប្បុរសក្រោយបញ្ចប់បេសកកម្មព្យាបាលអ្នកជម្ងឺកូវីដ-១៩

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសានេះ លោកស្រី អគ្គនាយិការក្រុមហ៊ុន ប៊្លូ មេឌា និងមូលនិធិជនបទកម្ពុជា បាននាំយកអំណោយសប្បុរសជនជាគ្រឿងឧបភោគបរិភោគ ដល់ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ចំនួន១១រូប បន្ទាប់ពីបញ្ចប់បេសកកម្មចំនួន២៨ថ្ងៃ  ដោយពិនិត្យឃើញអវិជ្ជមានជំងឺកូវីដ-១៩ ពោលគឺបន្ទាប់ពីពួកគាត់ចំណាយពេលព្យាបាលផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ-១៩ (COVID-19) អស់រយៈពេល១៤ថ្ងៃ និងក្រោយដាក់អោយនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ មកនេះ។

អំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគរៀបជាស្រេច ដែលត្រូវចែកជូនក្រុមគ្រូពេទ្យជួរមុខនេះ ក្នុងម្នាក់ៗទទួលបាន ភេសជ្ជៈមួយកេស ទឹកត្រី មី ត្រីខកំប៉ុង សាប៊ូដុំលាងដ ហើយក្រៅពីនោះ ក្រុមការងារក៏បាននាំយកប័ណ្ណគូប៉ុងពីដូមីណូភីហ្សាចំនួនជាង៥០០គូប៉ុង ចែកជូនដល់ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងគូប៉ុងចំនួនជាង៥០០គូប៉ុងទៀត ចែកជូនដល់មណ្ឌលសុខភាព ចាក់អង្រែក្រោមផងដែរ។

លោកវេជ្ជបណ្ឌិត សួន សាមិត្ត តំណាងលោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលបានចូលរួមបរិច្ចាគនូវអំណោយជាបន្តបន្ទាប់មកកាន់មន្ទីរពេទ្យ។ នៅក្នុងនោះដែរ លោកស្រីនាយិកា ក៏បានថ្លែងអំណរគុណដល់លោកវេជ្ជ. សួន សាមិត្ត លោកវេជ្ជ. សូត្រ ភារម្យ លោកវេជ្ជ. ប្រាក់ ណារ៉ុម និងលោកវេជ្ជ. លឹម មេសា ដែលបានផ្ដល់ដំណឹង ដល់ក្រុមការងារសប្បុរសជន និងបានជួយសម្របសម្រួល ដើម្បីឲ្យក្រុមការងារបានយកអំណោយទៅជូនផ្ទាល់ដល់ក្រុមគ្រូពេទ្យជួរមុខទាំង១១រូបនោះ។

លើសពីនេះ មូលនិធិជនបទកម្ពុជា ក៏ធ្លាប់បានអនុវត្តន៍ការគៀងគរដូចនេះប៉ុន្មានលើកមកហើយ ដែលមានជាការនាំយកអំណោយទៅឧបត្ថម្ភដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងតាមទីជនបទនានាទូទាំងប្រទេស ដោយមិនសំដៅតែសម្រាប់គ្រូពេទ្យនោះទេ។ ជាក់ស្ដែង កន្លងមក ក្រុមការងារស្ម័គ្រចិត្តរបស់មូលនិធិ បានចុះជួយដល់ជនក្រីក្រ ដែលមានជីវភាពខ្វះខាត រួមមានកុមារកំព្រា និងជនទីទ័លក្រជាដើម ក្នុងបេសកម្មនៃការចែករំលែក និងសម្រួលបន្ទុកដល់រាជរដ្ឋាភិបាលកម្ពុជា។

ក្រៅពីចូលរួមជាមួយក្រុមគ្រូពេទ្យជួរមុខ នៅថ្ងៃសៅរ៍ខាងមុខនេះ ក្រុមការងារសប្បុរសយើងក៏នឹងចូលរួម ធ្វើបុណ្យបរិច្ចាកមុនចូលឆ្នាំថ្មី ជូនសហគមន៍ ទួលសំបូរ (សហគមន៍គ្រួសារក្រីក្រ១០០គ្រួសារ)។

សប្បុរសជនអាចបរិច្ចាគតាមរយៈលេខទូរស័ព្ទ ០៩២ ២១៧ ៤៣៤ ឬ ០៩៨ ៦៣២ ៨៦៦ ឬតាមរយៈធនាគារ ABA 000 384 474 (SENG VANNAK) ឬ WING 092 217 434

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.