ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកនៅទន្លេមុខវាំងជិតមកដល់ហើយ

សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានប្រកាសថា កីឡាម៉ូតូទឹក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បញ្ចូលជាប្រភេទកីឡាមួយ នៅក្នុងព្រឹត្តិការណ៍ប្រកួត “កីឡាជាតិលើកទី៣ ក្នុងចំណោមប្រភេទកីឡាជាតិជាង៣០​ ដែលមានវិញ្ញាសាប្រកួតសរុបប្រមាណជាង​ ៣០០ វិញ្ញាសា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៥ ដល់ទី១៦ ខែឧសភា​ ឆ្នាំ២០២០។

សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា​ គ្រោងនឹងរៀបចំព្រឹត្តិការណ៍នៃការប្រគួតកីឡាម៉ូតូទឹក ពីថ្ងៃទី០៦ ដល់ទី១០ ខែឧសភា ឆ្នាំ២០២០ ខាងមុខ នៅលើផ្ទៃទន្លេសាបទល់មុខព្រះបរមរាជវាំង។​ ទន្ទឹមនេះផងដែរ សហព័ន្ធក៏នឹងមានការរៀបចំការប្រកួតជំរុះនៅថ្ងៃទី៧ និង៨ ខែឧសភា ឆ្នាំ២០២០ ដើម្បីជ្រើសរើសកីឡាករចូលរួមការប្រកួតផ្ដាច់ព្រាត់នៅថ្ងៃទី​៩-១០ ខែឧសភា​ ឆ្នាំ២០២០។

នៅក្នុងសេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា កាលពីថ្ងៃទី១៦ ខែមីនានេះ បានអំពាវនាវដល់មហាជនដែលនិយមកីឡាម៉ូតូទឹក (Jet Ski) គ្រប់ប្រភេទ និងគ្រប់វិស័យទាំងអស់ ចូលរួមជិះកម្សាន្តសប្បាយអបអរសារទរព្រឹត្តិការណ៍ប្រកួតផង និងចូលរួមបង្ហាញពីទេពកោសល្យ និងសមត្ថភាពរបស់ខ្លួនលើផ្នែកកីឡាមួយនេះ ដើម្បីរួមចំណែកគាំទ្រ និងចូលរួមអភិវឌ្ឍវិស័យកីឡាកម្ពុជា បង្កើនសក្តានុពលកីឡាករនៅក្នុងស្រទាប់យុវជន និងដើម្បីរៀបចំខ្លួន ត្រៀមចូលរួមលើស្ទួយកិត្តិយសខ្មែរក្នុងការប្រកួតដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាទទួលរៀបចំក្នុងនាមជាម្ចាស់ផ្ទះ។

សម្រាប់កីឡាករដែលមានចំណាប់អារម្មណ៍ចូលរួមប្រកួត អាចទាក់ទងចុះឈ្មោះតាមរយៈទូរស័ព្ទលេខ 099​ 799 ​099,  096 922 69 85 ឲ្យបានមុនថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២០។ ព័ត៌មានបន្ថែម អាចចូលទៅ Facebook Page : សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា​-Watercraft Federation of Cambodia៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.