ក្រសួង​អភិវឌ្ឍន៍ជនបទ សហការ​ជាមួយ​ NGO FORUM រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្ដីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិរក្ស និង​អភិវឌ្ឍ​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​

នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ នេះ ក្រសួង​អភិវឌ្ឍន៍ជនបទ និង ​វេទិកា​ នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ​ស្ដីពី​កម្ពុជា (NGO forum) បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្ដីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិរក្ស និង​អភិវឌ្ឍ​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា ដែល​សិក្ខា​សាលា​នេះ រៀបចំឡើង​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ស្ថិតនៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង​៣០០​នាក់​។

សិក្ខាសាលា​នេះ​រៀបចំ​ពេញ​មួយថ្ងៃ ក្នុង​គោលបំណង​ចែករំលែក​មេរៀន និង​បទពិសោធន៍ ​នៃ​ការ​កំណត់​អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា និង​ពិភាក្សា​ប្រមូល​ធាតុ​ចូល ដើម្បី​រៀបចំ​សេចក្ដីព្រាង​ផែនការ​យុទ្ធសាស្ត្រ​ ស្ដីពី​ការអភិវឌ្ឍ​ជនជាតិដើម​ភាគតិច និង​ផ្ដល់​ឱកាស​ដល់​សហគម​ន៍​ជនជាតិដើម​ភាគតិច ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍​សង្គម​ស៊ីវិល​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ ដើម្បី​ពិភាក្សា​អំពី​ការអភិវឌ្ឍ​ និង​ការអភិរក្ស​ជនជាតិ ដើម​ភាគតិច​នៅ​កម្ពុជា ក្រោម​អធិបតីភាព​លោក នួន ដា​ញ៉ិល រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​តំណាង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជនបទ​បទ​, លោក​បណ្ឌិត តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​អង្គការ NGO forum និង​មាន​ការចូល រួម​ពី​វាគ្មិន​សំខាន់ៗ​មួយចំនួនទៀត​។​

បើតាម​អ្នករៀបចំ​កម្មវិធី​បាន​ឲ្យ​ដឹងថា​កម្ពុ​ជាមាន​ជនជាតិដើម​ភាគតិច​ចំនួន​២៤ក្រុម ដែល​កំពុង​រស់នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​១៥ ដែល​រួមមាន ជនជាតិ​ព្នង កួយ ទំ​ពូន ចា​រ៉ា​យ គ្រឹ​ង ព្រៅ កា​វ៉ែត ស្ទៀង ក្រោល មិ​ល កញ្ចក់ ព័រ ខោ​ញ ជង សួយ ថ្មូ​ន លុន ស្អូច រដែ ខិ រ​អង ស្ពុង ល្អឿ​ន សំរែ ដែលមាន​ប្រមាណ 1,34 ភាគរយ​នៃ​ប្រជាជន​សរុប​នៅក្នុង​ប្រទេស​កម្ពុជា​។ ជនជាតិ​ទាំងនោះ​រស់នៅក្នុង​ខេត្ត​រតនគីរី​, មណ្ឌល​គី​រី​, ក្រចេះ​, ព្រះវិហារ​, កំពង់ធំ​, ស្ទឹងត្រែង​, ឧ​ត្ត​រ​មានជ័យ​, ត្បូងឃ្មុំ​, ពោធិ៍សាត់​, កំពង់ស្ពឺ​, កោះកុង​, បាត់ដំបង​, ព្រះសីហនុ​, បន្ទាយមានជ័យ និង​សៀមរាប​។ បងប្អូន​ជន​ជាតិ​ដើម​ភាគតិច​ទាំងនោះ​ប្រកាន់យក​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ជំនឿ​និង​ភាសា​ផ្សេងៗ​គ្នា​ទៅតាម​ក្រុម​របស់ខ្លួន​។

ចំណែកឯ​មុខរបរ​សំខាន់ៗ​សម្រាប់​ចិញ្ចឹមជីវិត​របស់​ពួកគាត់ គឺ​ការធ្វើ​កសិកម្ម​តាម​លក្ខណៈ​ប្រពៃណី ដោយ​ធ្វើ​ចំការ​វិលជុំ ការ​ប្រមូលយក​អនុផល​ព្រៃឈើ ការ​ប្រមាញ់ ការនេសាទ ការចិញ្ចឹម​សត្វ តាម​ប្រពៃណី ហើយ​ការរស់នៅ​របស់​ពួកគាត់​រស់នៅ​ដោយមាន​ភាពសុខដុមរមនា​ជាមួយ​បរិស្ថាន និង​ធនធានធម្មជាតិ​។​

បច្ចុប្បន្ន​មាន​សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន​១៥០ ត្រូវបាន​ទទួលស្គាល់​អ​ត្ត​សញ្ញាណ​ជា​ជន​ជាតិ​ដើម​ភាគតិច និង​មាន​សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន​១៤១ ត្រូវបាន​ចុះបញ្ជី​ទទួលស្គាល់​ជា​នីតិបុគ្គល ហើយ​មាន​សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន​២៥ បានទទួល​ការចុះបញ្ជី​ដី​សមូហ​ភាព​។ ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​នៅ​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​២០១៦-២០៣០ ដើម្បី​បន្ត​អនុវត្ត​របៀបវារៈ​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន​។

ក្របខ័ណ្ឌ​នេះ ​បានក្លាយ​ជាការ​ណែនាំ​ដ៏​មាន​សារសំខាន់​ក្នុងការ​តាក់តែង​គោលនយោបាយ ព្រម​ទាំង​ការវាស់វែង​អំពី​លទ្ធផល​នៃ​ការអនុវត្ត​សំដៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​ឆ្នាំ ២០៥០ របស់​កម្ពុជា ឆ្ពោះ​ទៅរក​ភាពរុងរឿង ការអភិវឌ្ឍ​ដោយ​ប្រជាជន​ទាំងអស់​រស់នៅក្នុង​ភាព​សុខដុមរមនា​៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.