បច្ចេកទេសវេជ្ជសាស្រ្តប្រទេសចិន មានការអភិវឌ្ឍ មិនចាញ់ប្រទេសល្បីៗនៅអឺរុប

តបតាមការអញ្ជើញ របស់លោកសាស្ត្រាចារ្យ លី ចុងមីង (Li Jiongming) សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យវេជ្ជសាស្រ្តគុនមីង តាមរយៈលោកសាស្ត្រាចារ្យវេជ្ជ. ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងឯ.ឧ ទន្តបណ្ឌិត ចាន់ វិចិត្រ ជានាយករង លោកវេជ្ជបណ្ឌិត សូត្រ ភារម្យ ឯកទេសវៈកាត់ប្រព័ន្ធតម្រងទឹកនោម ត្រូវបានចាត់ឱ្យទៅចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិលើកទី៦ ស្តីពីផ្នែកវះកាត់ប្រពន្ធ័តម្រងទឹកនោម « The 6th Golden Bridge International Urology Conference » ដែលបានប្រព្រឹត្តទៅពីថ្ងៃទី០១ ដល់ ទី៣ វិច្ឆិកា ២០១៩ នៅទីក្រុងគួនមីង ខេត្តយូណាន ប្រទេសចិន។ កិច្ចប្រជុំអន្តរជាតិនេះមានការចូលរួមពីវេជ្ជបណ្ឌិតឯកទេសប្រមាណ៣៥០នាក់ផ្នែកក្នុងនោះមានវេជ្ជបណ្ឌិតឯកទេសវៈកាត់ប្រព័ន្ធតម្រងទឹកនោមអន្តរជាតិចំនួន៥០រូបមកពីបណ្តាប្រទេសផ្សេងៗគ្នាប្រមាណ២០ប្រទេស និងវេជ្ជបណ្ឌិតឯកទេសក្នុងស្រុករបស់ប្រទេសចិនប្រមាណ៣០០នាក់។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងគោលបំណងចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមកពីការអនុវត្តបច្ចេសទំនើបក្នុងការវះកាត់ប្រព័ន្ធតម្រងទឹកនោម ដែលអនុញ្ញាតឱ្យវេជ្ជបណ្ឌិតឯកទេសទាំងអស់ដែលបានចូលរួមទទួលបាននូវបទពិសោធន៍ថ្មីល្អៗពីបណ្តាប្រទេស ដែលបានចូលរួម ជាពិសេសបទពិសោធន៍នៃប្រទេសជាម្ចាស់ផ្ទះចិន។

បន្ទាប់ពីវិលត្រលប់ពីចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ លោកវេជ្ជ.សូត្រ ភារម្យ ដែលជាវេជ្ជបណ្ឌិតខ្មែរមួយរូបឆ្លងកាត់ការសិក្សាផ្នែកវេជ្ជសាស្រ្តនៅប្រទេសបារាំងបានសម្តែងនូវការចាប់អារម្មណ៍ខ្ពស់ទៅលើបច្ចេកវិទ្យានៃការព្យាបាលក្នុងប្រទេសចិន ដោយលោកវេជ្ជបណ្ឌិតបានលើកឡើងដូច្នេះថា« ខ្ញុំបានឆ្លងកាត់នៅការសិក្សានិង ការធ្វើកម្មសិក្សានៅប្រទេសបារាំង។ កាលនោះខ្ញុំគិតថា មានតែប្រទេសបារាំងទេ ដែលពូកែលើផ្នែកវេជ្ជសាស្ត្រ។ ប៉ុន្តែ ពេលនេះខ្ញុំបានឃើញនូវអ្វីដែលជាការវិវត្តជឿនលឿនរបស់ប្រទេសក្នុងទ្វីបអាស៊ីរបស់យើង ធ្វើបានលើសពីអ្វីដែលខ្ញុំធ្លាប់បានគិត និងធ្លាប់បានដឹងពីមុនមក។ ក្នុងបច្ចេកទេសវះកាត់ទំនើបប្រទេសចិន ធ្វើបានទាំងអស់ ក៏ប៉ុន្តែបទពិសោធន៍ទាំងនេះត្រូវបានចែករំលែកមិនសូវបានច្រើនទៅដល់ប្រទេសក្នុងតំបន់ និងពិភពលោក ដោយសារតែពួកគេប្រើប្រាស់ភាសាចិន ហើយភាសាអង់គ្លេស ដែលប្រើប្រាស់សម្រាប់ទំនាក់ទំនងនោះមិនសូវបានទូលំទូលាយ។»

លោកវេជ្ជបណ្ឌិតខ្មែរឯកទេសវៈកាត់ប្រព័ន្ធតម្រងទឹកនោមរូបនេះបានមានប្រសាសន៍បន្តទៀតថា ប្រទេសចិនបានស្វាគមន៍យ៉ាងកក់ក្តៅដល់វេជ្ជបណ្ឌិតមកពីប្រទេសកម្ពុជា ដោយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត លី ចុងមីង បានសម្តែងនូវការរីករាយយ៉ាងខ្លាំងដោយបានឃើញវត្តមានវេជ្ជបណ្ឌិតកម្ពុជាមកចូលរួមកិច្ចប្រជុំនេះជាលើកទី១ ហើយនៅឆ្នាំក្រោយលោកនឹងធ្វើការអញ្ជើញវេជ្ជបណ្ឌិតខ្មែរឱ្យបានចំនួន៣ នាក់ដើម្បីបង្កើតទំនាក់ទំនងល្អជាលក្ខណ:ប្រពៃណី។ លើសពីនេះ លោកសាស្រ្តាចារ្យបានសន្យានឹងផ្តល់វគ្គបណ្តុះបណ្តាលរយៈពេលខ្លីលើផ្នែកវៈកាត់ប្រព័ន្ធតំរងនោមដល់និស្សិត និងក្រុមវេជ្ជបណ្ឌិតកម្ពុជា ដែលមានបំណងមកសិក្សានិងទទួលបទពិសោធន៍លើផ្នែកវះកាត់ប្រពន្ធ័តំរងទឹកនោមនៅទីក្រុងគួនមីង។

នៅក្នុងឳកាសចូលរួមកិច្ចប្រជុំនៅប្រទេសចិននេះដែល លោកវេជ្ជ.សូត្រ ភារម្យ បានពាំនាំនូវសេចក្តីនឹករលឹករបស់លោកសាស្ត្រាចារ្យនាយក និង នាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងបានគោរពអញ្ជើញ លោកសាស្រ្តាវារ្យវេជ្ជ. លី ចុងមីង និងក្រុមការងារអញ្ជើញមកទស្សនកិច្ចផ្ទាល់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ជាកិច្ចឆ្លើយតបលោកសាស្រ្តាចារ្យបានសន្យាថានឹងអញ្ជើញមកក្នុងពេលឆាប់ៗខាងមុខនេះ។

ឆ្លៀតក្នុងឳកាសនេះលោកវេជ្ជ.សូត្រ ភារម្យ បានធ្វើការផ្តាំដល់ប្អូនៗនិស្សិតវេជ្ជសាស្ត្រ និង ប្អូនៗវេជ្ជបណ្ឌិតជំនាន់ក្រោយមិនត្រូវឱ្យតម្លៃលើការសិក្សាតែបណ្តាប្រទេសនៅអឺរ៉ុបដូចជា អាមេរិក និងអូស្រ្តាលីនោះទេ គួរងាកមកមើលប្រទេសក្នុងតំបន់អាស៊ី ជាពិសេសប្រទេសចិន ដែលមានការអភិវឌ្ឍលើផ្នែកវេជ្ចសាស្ត្រមិនចាញ់ប្រទេសល្បីៗដទៃទៀតនោះទេ។

លោកវេជ្ជបណ្ឌិតក៏បានសម្តែងនូវអំណរដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានខិតខំអភិវឌ្ឍទាំងផ្នែកធនធានមនុស្ស និងសម្ភារៈ និងជាពិសេសការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលក្នុងការអភិវឌ្ឍយ៉ាងលឿនវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.