លោកគ្រូពោះតាន់ ជារឿងខ្លីដែលឆ្លុះបញ្ចាំងពីជីវិតពិតរបស់គ្រូបង្រៀនម្នាក់ ចំពោះសិស្សរបស់ខ្លួន

ថ្មីៗនេះស្រាប់តែលេចឡើងនូវខ្សែភាពយន្តខ្លីមួយ ដែលបានចែករំលែកលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប ដោយបានឆ្លុះបញ្ចាំងជូនទស្សនិកជនបានឃើញពីជីវិត និងការលះបង់របស់គ្រូបង្រៀនម្នាក់ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដើម្បីទំនុកបម្រុង និងជួយជ្រោមជ្រែងការសិក្សារបស់សិស្សខ្លួនដែលកំពុងជួបការលំបាក ឲ្យបានបន្តការសិក្សារហូតបានការងារល្អៗគ្រប់គ្នា។ ខ្សែភាពយន្តខ្លីនេះ ត្រូវបានផ្ដួចផ្តើមផលិតឡើងដោយប្រើប្រាស់ថវិកាផ្ទាល់របស់ក្រុមហ៊ុន មិត្តហ្វូន សម្រាប់ជាកាដូថ្មីមួយជូនដល់ប្រជាជនកម្ពុជាបានទស្សនានៅពាក់កណ្ដាលឆ្នាំ២០១៩នេះ ដើម្បីបំផុសនូវស្មារតីចែករំលែកតាមរយៈការស្ដែងឲ្យឃើញនូវទុកលំបាក និងដើម្បីកោតសរសើរពីការលះបង់ និងទឹកចិត្តដ៏ឧត្តុង្គឧត្តមរបស់គ្រូបង្រៀនមួយចំនួន ដែលបានយកចិត្តទុកដាក់ និងលះបង់ថវិកាផ្ទាល់ខ្លួនដើម្បីសិស្សានុសិស្សរបស់ខ្លួន។

លោកគ្រូពោះតាន់ ជាចំណងជើងនៃភាពយន្តខ្លីមួយនេះ ដែលបាននិយាយពីការលះបង់របស់គ្រូដើម្បីអនាគតសិស្សរបស់ខ្លួន ដែលវីដេអូនេះបានទទួលសន្ធឹកនៃការគាំទ្រយ៉ាងច្រើនអនេក ដោយទទួលបានការចូលទស្សនាហូតដល់៨០ម៉ឺនដងក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។ យើងសង្ឃឹមថាបន្ទាប់ពីទស្សនារឿងខ្លីនេះហើយ លោកអ្នកនឹងអាចរំលឹកនូវជីវិតពីកុមារភាព និងពាក្យពេចន៍ទូន្មានរបស់លោកគ្រូអ្នកគ្រូដែលធ្លាប់បានបង្រៀន និងទូន្មានប្រៀនប្រដៅអ្នក រហូតអ្នកបានជោគជ័យដូចសព្វថ្ងៃ។ គេមើលឃើញថាអាជីពជាគ្រូបង្រៀនដែលមានប្រាក់ចំណូលពុំសូវខ្ពស់ ហើយពុំសូវទទួលបានការគោរព និងឱ្យតម្លៃឡើយ ដែលមនុស្សទូទៅចូលចិត្តនិយាយលេងថា៖ «គ្រូប្រពន្ធល្អ» ដែលគន្លាស់មកវិញថា «ក្រប្រពន្ធរអ៊ូ» ។ប៉ុន្តែវាជាអាជីពមួយដែលបានបណ្ដុះនូវធនធាន(ធនធានមនុស្ស)ដ៏សំខាន់សម្រាប់ប្រទេសជាតិទាំងមូល ហើយជាទូទៅត្រូវបានគេមើលរំលងពីភាពអស្ចារ្យទាំងនេះ។

ជាក់ស្ដែងបច្ចុប្បន្ននេះមានគ្រូបង្រៀនជាច្រើន កំពុងលះបង់ទាំងកម្លាំងកាយនិងចិត្តក្នុងការបង្រៀនរបស់ពួកគាត់ ក៏ព្រោះតែចង់ឲ្យសិស្សានុសិស្សរបស់ខ្លួន ទទួលបានចំណេះដឹង រួចចាកផុតពីអនក្ខរភាព(ភាពមិនចេះអក្សរ) ដើម្បីឲ្យពួកគេមានការងារល្អដើម្បីជួយអភិវឌ្ឍសង្គមជាតិ។ ក្នុងនោះយើងបានឃើញអំពីលោកគ្រូអ្នកគ្រូគំរូមួយចំនួន បានធ្វើឱ្យមហាជនរំជួលចិត្តព្រោះតែទង្វើដ៏ល្អមិនរំពឹងការតបស្នងរបស់ពួកគាត់ផ្ទាល់ ដែលមានអ្នកគ្រូ នាង ផល្លា ជាគ្រូនិងអគនាយិកានៃសាលាបង្រៀនកុមារពិការភ្នែក និង គ ថង់មួយ ត្រូវបានជាប់ជាបេក្ខជនគ្រូបង្រៀនឆ្នើមពិភពលោក ហើយត្រូវបានក្រសួងអប់រំចាត់ទុកអ្នកគ្រូជាវីរៈនារីឆ្នើម ព្រមទាំង អ្នកគ្រូ សេង នឿន គឺជាគ្រូបង្រៀនថ្នាក់មត្តេយ្យសិក្សាដ៏ល្អម្នាក់។ អ្នកគ្រូឌុបសិស្សចំនួន ១២នាក់ ទៅសាលារៀនជារៀងរាល់ថ្ងៃ ដោយប្រើរទេះភ្ជាប់នឹងម៉ូតូផ្ទាល់ខ្លួនរបស់គាត់។ ទង្វើនេះអនុញ្ញាតឲ្យសិស្សទាំងនោះអាចទៅសាលារៀន និងទទួលបានការអប់រំ។ល។ ជាឧទាហរណ៍ស្រាប់។សូមចំណាយពេលបន្តិចដើម្បីរំលឹកពីអនុស្សាវរីយ៍ពេលនៅសិក្សារបស់អ្នក។

គួរបញ្ជាក់ផងដែរថា រឿង លោកគ្រូពោះតាន់ ដែលផ្ដួចផ្ដើមផលិតដោយក្រុមហ៊ុន មិត្តហ្វូន ក្នុងគោលបំណងអប់រំប្រជាពលរដ្ឋឲ្យចេះជួយអ្នកដទៃ។ លោកគ្រូពោះតាន់ ជារឿងមួយក្នុងចំណោមរឿងដទៃទៀតដែលផ្ដល់ការអប់រំ និងណែនាំឲ្យមនុស្សធ្វើទង្វើល្អដែលជាគម្រោងរបស់ក្រុមហ៊ុន មិត្តហ្វូន និងសហការណ៍ផលិតដោយក្រុមហ៊ុន ប៊្លូ មេឌា។

សូមចំណាយពេលបន្តិចដើម្បីរំលឹកពីអនុស្សាវរីយ៍ពេលនៅសិក្សារបស់អ្នក។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.