លោកជំទាវ កុយ ពិសី ជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធាន លេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានសម្រេចលើកពេលរៀបអាពាហ៍ពិពាហ៍របស់ខ្លួនកាលពីម្សិលមិញនេះ។
ការសម្រេចពន្យាពេលរៀបចំពិធីមង្គលរបស់ខ្លួននេះ គឺដើម្បីរក្សាសុខភាព សុវត្ថិភាពរបស់ប្រជាពលរដ្ឋជាចំបង និងចូលរួមកាត់បន្ថយការរីករាតត្បាត នៃជំងឺCovid-19។ តាមការគ្រោងទុកពិធីមង្គលរបស់លោកជំទាវ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ និង២៥ ខែមីនា ឆ្នាំ២០២០នេះ។ តាមព័ត៌មានមានច្បាស់ការបានឱ្យដឹងថា ក្នុងការរៀបចំពិធីមង្គលនេះ លោកជំទាវបានរៀបចំសម្រិតសម្រាំង អស់រយៈពេលជាយូរមកហើយ។
ការពន្យាពេលរៀបអាពាហ៍ពិពាហ៍នេះ បង្ហាញឱ្យឃើញពីគំរូដ៏ល្អ ក្នុងនាមជាថ្នាក់ដឹកនាំគំរូមួយរូប និងសូមកោតសរសើរទឹកចិត្តដ៏ល្អប្រពៃរបស់លោកជំទាវ ដែលសុខចិត្តលៈបង់នូវប្រយោជន៍ផ្ទាល់ខ្លួន និងគិតគូពីប្រយោជន៍រួមជាធំ គឺគិតពីសុខភាព សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងដើម្បីចូលរួមកាត់បន្ថយការលំបាករបស់ថ្នាក់ដឹកនាំកំពូលៗ ក្នុងពេល ដែលជំងឺ Covid-19 កំពុងរាតត្បាតនៅក្នុងប្រទេស។
លោកជំទាវ កុយ ពិសី តាមរយៈទំព័រហ្វេសបុគរបស់ខ្លួនបានធ្វើការជូនដំណឹងពីការពន្យាពេលនៃពិធីរៀបអាពាហ៍ពិពាហ៍នេះ និងបានសម្តែងនូវការសុំអភ័យទោសទៅដល់ភ្ញៀវដែលបានអញ្ជើញរួចផងដែរ។ នេះជាសាររបស់លោកជំទាវ៖ «ដើម្បីសុវត្ថិភាពរួម និងដើម្បីកាត់បន្ថយការរីករាតត្បាតជម្ងី Covid-19 យើងខ្ញុំនិងក្រុមគ្រួសារសូមពន្យាពេលពិធីថ្ងៃ២៤ និង២៥ ខែមីនានេះ ទៅធ្វើនៅពេលក្រោយវិញ។ សូមអភ័យទោស និងសូមគោរពជូនពរបងប្អូនសូមមានសុខភាពល្អជៀសផុតពីជម្ងឺផ្សេងៗ។ ដោយក្តីគោរពរាប់អាន»។
គួរបញ្ជាក់ថា គិតមកដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 ចំនួន៣៥ករណី៕