ក្រុមសប្បុរសជននាំយកម៉ាសគុណភាពខ្ពស់ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនប្រគល់ជូនដល់ក្រុមគ្រូពេទ្យជួរមុខ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

តបតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគំរូមហាសប្បុរសរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ក្នុងស្មារតីខ្មែរជួយខ្មែរប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ក្រុមសប្បុរសជន ដែលរួមមាន លោក ហោ សេរីវឌ្ឍន៍, ឯកឧត្តម ប្រាក់ ឈៀង, ឯកឧត្តម ម៉ក់ ងយ, ឯកឧត្តម ទិត រិទ្ធីពល, ឯកឧត្តម តាំង ជុងលី, លោកចៅក្រម ឡុង វណ្ណា, លោកវេជ្ជ.សូត្រ ភារម្យ, លោកស្រី ខែក ខេមរ៉ាត, លោក គួច សុខលី, លោក អ៊ុ វុទ្ធទី, លោក សូ ហាតូ, លោក អ៊ុន លាង, លោក ម៉ែន សំអុល, លោកស្រី ឆី ដាលី, លោក ញិល សូវៀត, លោក ពេជ ដារ៉ូ និង លោក រស់ និមល បានរួមគ្នាគៀងគរនូវអំណោយពីសប្បុរសជននានា មកប្រគល់ជូនក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមាន៥ផ្នែក ដូចជា ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកមន្ទីរពិសោធន៍ ផ្នែកជំងឺឆ្លង ផ្នែកជំងឺទូទៅ ទឹកនោមផ្អែម និងសន្លាក់ ផ្នែកថែទាំ និងបង្ការការចំលងរោគ នៅព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ២០២០នេះ។

អំណោយ ដែលនាំមកនាពេលនេះ រួមមានម៉ាសគុណភាពខ្ពស់ (3M) ចំនួន ៤៨០ម៉ាស់ សម្រាប់វេជ្ជបណ្ឌិតជួរមុខប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួនមានត្រីខកំប៉ុងម៉ាកចុងភៅធំចំនួន៥០០ កំប៉ុង Domino’s Pizza ចំនួន៥០ប្រអប់ និងទឹកពិសារប៉ូវសុខភាព Pocari Sweatចំនួនជាង ១០០០ កំប៉ុង ទឹកបរិសុទ្ធវីតាល់ចំនួន៣០កេស និង Spray ទឹកលាងដៃអនាម័យម៉ាក LanXinKou ចំនួន១០០ដប Spray លាងដៃ SCYS ចំនួន ៣0 ដប។

ថវិកាដែលទទួលបាននាពេលនេះ ក្រុមសប្បុរសជនបានប្រគល់មួយផ្នែកជូនដល់ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយះសហភាពសហព័ន្ធយុវជនកម្ពុជា និងថវិកាមួយផ្នែកបានរៀបចំទិញ និងទទួលការបរិច្ចាកជាអំណោយដូចខាងលើ ដើម្បីប្រគល់ជូនដល់មន្ទីរពេទ្យនាពេលនេះ។

តាងនាមឱ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកសាស្រ្តាចារ្យវេជ្ជ. ងី ម៉េង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមសប្បុរសជន ដែលខិតខំគៀងគរជំនួយពីសប្បុរសជនចូលរួមផ្តល់ជាអំណោយដល់មន្ទីរពេទ្យនាពេលនេះ ដែលអំណោយទាំងនេះពិតជាមានសារៈសំខាន់ដល់ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញការងារយ៉ាងសកម្មនៅជួរមុខ ក្នុងការថែទាំ ពិនិត្យ ព្យាបាលប្រឆាំងនឹងការរាតត្បាតនឹងជំងឺកូវីដ១៩។

គួរបញ្ជាក់ថា ក្នុងពេល ដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ កំពុងជួបនូវការរាតត្បាតនៃជំងឺកូវីដ១៩នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានអំពាវនាវដល់វិស័យឯកជនចូលរួមជាមួយរាជរដ្ឋាភិបាលរួមគ្នាប្រយុទ្ធប្រឆាំងនឹងការវាយលុកពីជំងឺដ៏អាក្រក់នេះ។ ក្នុងនោះផងដែរ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលជាកន្លែងពិនិត្យព្យាបាលអ្នកជំងឺកូវីដក៏ធ្លាប់បានអំពាវនាវ និងប្រកាសទទួលយកជំនួយពីសប្បុរជននានា ដែលមានបំណងចង់ចូលរួមឧបត្ថម្ភដល់ក្រុមគ្រូពេទ្យជួរមុខ និងមន្ទីរពេទ្យក្នុងសកម្ម ភាពពិនិត្យ ធ្វើតេស្ត និងព្យាបាលជំងឺCovid-1។ ក្រុមសប្បុរជនក៏បានអំពាវនាវបន្តដល់សាធារណជនទាំងអស់មេត្តាជួយគ្នាទៅវិញទៅមកក្នុងគ្រាដ៏លំបាកនេះ ហើយក៏សន្យាជួយទៅដល់ប្រជាពលរដ្ឋផ្សេងទៀតដែលកំពុងជួបទុកលំបាកបន្តទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.