លោក គួច សុខលី ប្រធានក្រុមហ៊ុន CBM Corporation និង ជាតំណាង Domino’s Pizza នៅកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកវេជ្ជបណ្ឌិត ព្រំ ផានិត តំណាងសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ។
នៅក្នុងជំនួបពិភាក្សានេះ លោក គួច សុខលី តំណាង Domino’s Pizza នៅកម្ពុជា បានជម្រាបជូនពីបំណង ដែលក្រុមហ៊ុន Domino’s Pizza កម្ពុជាចង់ចូលរួមចំណែកជួយសម្រួលដល់ការលំបាករបស់វេជ្ជបណ្ឌិតជួរមុខកម្ពុជា ដែលបាននឹងកំពុងបំពេញការងារយ៉ាងសកម្មក្នុងការថែទាំ ពិនិត្យ ព្យាបាលទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។
លោក គួច សុខលីបានមានប្រសាសន៍ថា ដោយមើលឃើញពីការខិតខំប្រឹងប្រែង នឹងការលះបង់របស់ក្រុមគ្រូពេទ្យយើង Domino’s Pizza កម្ពុជា នឹងចូលរួមផ្គត់ផ្គង់ភីហ្សាចំនួន ១៣០០ ប្រអប់ ដោយបែងចែកជូនដល់ក្រុមគ្រូពេទ្យជួរមុខ ដែលបំពេញភារកិច្ចប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខែ្មរ-សូវៀត និងនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិត ព្រំ ផានិត តំណាងឱ្យមន្ទីរពេទ្យមិត្តភពខ្មែរ-សូវៀត បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនDomino’s Pizza កម្ពុជា ចំពោះទឹកចិត្តដ៏សប្បុរសនេះ ដោយបានលើកឡើងថាការចូលរួមរបស់ក្រុមហ៊ុន បង្ហាញឱ្យឃើញពីការចូលរួម និងការចែករំលែករបស់វិស័យឯកជនជាមួយរាជរដ្ឋាភិបាលក្នុងពេល ដែលប្រទេសកំពុងជួបនូវការលំបាក៕