កម្ពុជាមានសក្តានុពលដល់គោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ ក្នុងការទាក់ទាញអ្នកវិនិយោគ

នាព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែមេសា គ.ស. ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយមជ្ឈមណ្ឌលជំរុញកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតអន្តជាតិ ផ្លូវសូត្រនៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំវេទិកាធុរកិច្ចកម្ពុជា-ចិនឆ្នាំ២០១៨ ស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតអន្តរជាតិ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសូហ៊្វីតែលភ្នំពេញភូគីត្រា ក្នុងគោលបំណងពង្រឹងការជំរុញកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្ពុជា-ចិន និងផ្តល់ឱកាសជូនក្រុមហ៊ុនវិនិយោគចិនស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងផ្គូផ្គងធុរកិច្ច និងស្វែងរកដៃគូរវិនិយោគជាមួយក្រុមហ៊ុន វិនិយោគកម្ពុជា។ វេទិកាធុរកិច្ចកម្ពុជា-ចិន ឆ្នាំ២០១៨នេះ គឺជាព្រឹត្តិការណ៍មួយរៀបចំឡើងស្របពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី៦០ នៃការផ្សារភ្ជាប់ទំនាក់ទំនងការទូត ដែលកាន់តែមានភាពរឹងមាំ និងពង្រីកវិសាលភាពនាពេលបច្ចុប្បន្ន។

វេទិកាធុរកិច្ចខាងលើ មានការចូលរួមពីតំណាងមកពីរដ្ឋាភិបាល និងផ្នែកឯកជន នៃប្រទេសទាំងពីរប្រមាណ ១៥០នាក់ ហើយវេទិកាបានប្រព្រឹត្តទៅតាមកម្មវិធីដូចបានគ្រោងទុកដែលរួមមាន កម្មវិធីសប្បុរសធម៌ កម្មវិធីផ្គូផ្គង គម្រោងវិនិយោគ និងកិច្ចសន្ទនាកម្រិតខ្ពស់ ដែលមានតំណាងក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែនិងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ សភាពាណិជ្ជកម្មកម្ពុជា សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ចូលរួមថ្លែងសុន្ទរកថាខ្លី និងពិភាក្សាលើគោលនយោបាយ និងកិច្ចសម្រួលពាក់ព័ន្ធនឹងការវិនិយោគតាមវិស័យដែលជាសមត្ថកិច្ចរបស់ក្រសួងស្ថាប័ន។

ក្នុងកម្មវិធីបើកអង្គវេទិកាធុរកិច្ចកម្ពុជា-ចិនឆ្នាំ២០១៨ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការជាតិអភិឌ្ឍន៍និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិនតាមរយៈការបន្តអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគឧស្សាហកម្មនិងការជំរុញគម្រោងកិច្ចសហប្រតិបត្តិការវិនិយោគឧស្សាហកម្មគន្លឹះ រួមចំណែកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតជាលក្ខណៈអន្តរជាតិ ពិតជាបានចូលរួមចំនែកយ៉ាងសំខាន់ក្នុងការធានាដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍនួវិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥ – ២០២៥ (IDP) សុខ ចិន្តាសោភា បានជម្រាបជូនអ្នកចូលរួមវេទិកាធុកិច្ចកម្ពុជា–វិនិយោគនៅកម្ពុជា ហើយបានសម្តែងនូវមនោសញ្ចេតនារីករាយ និងស្វាគមន៍ចំពោះវត្តមានដ៏មានសារៈប្រយោជន៍របស់គណៈប្រតិភូវិនិយោគចិនមកព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ។

ឯកឧត្តម សុខ ចិន្តាសោភា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានផ្តល់ការគាំទ្រ និងចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងបានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ និងការវិនិយោគកាន់តែច្រើនថែមទៀតពីចិនមកកម្ពុជា។ ក្នុងនាមជាប្រធានក្រុមការងារទទួលបន្ទុកសហប្រតិបត្តិការសមត្ថភាពផលិតនិងការវិនិយោគ របស់ភាគីកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននឹងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការប្រើប្រាស់យន្តការសម្របសម្រួល កិច្ចសន្ទនាទ្វេភាគី ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការពិភាក្សាលើវិស័យគន្លឹះនិងគម្រោងវិនិយោគអាទិភាពនានា ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះគម្រោងវិនិយោគដែលកំពុងមានសកម្មភាព។

នៅក្នុងឳកាសនោះផងដែរ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋាពន្ឋដា ក៏បានលើកឡើងនូវចំនុចវិជ្ជមានជាច្រើនរបស់វិស័យពន្ឋដារនៅក្នុងការរួមចំនែកលើការងារវិនិយោគរបស់ប្រទេសកម្ពុជា។ឯកឧត្តម បានបង្ហាញថា ការកែទម្រង់លើវិស័យពន្ឋដា បានផ្តល់ភាពកាន់តែងាយស្រួលនិងប្រសើរឡើងដើម្បីសម្រួលដល់ការចុះបញ្ជីផ្សេងៗ សម្រួលដល់ការបង់ពន្ឋរបស់ម្ចាស់អាជីវកម្មទាំងអស់។ទន្ទឹមគ្នានោះ ឯកឧត្តមក៏បានលើកឡើងផងដែរថា កម្ពុជាមានការប្រមូលពន្ឋប្រកបដោយសមធម៏ ហើយកត្តានេះហើយដែលជម្រុញអោយមានអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាបានកាន់តែច្រើន ព្រោះមុននឹងអ្នកវិនិយោគមកធ្វើការវិនិយោគនៅប្រទេសណាក៏ដោយ ពួកគេតែងសំលឹងមើលលើវិស័យពន្ឋដាថាមានភាពសុក្រិត ងាយស្រួល និងសម្រួលបានច្រើនកំរិតណាដល់អ្នកវិនិយោគ។ ឯកឧត្តម ក៏មានជំនឿថា រាជរដ្ឋាភិបាលឆ្នាំក្រោយៗនេះក៏មិនទាន់តំឡើងពន្ឋដល់សហគ្រាសដែលមកធ្វើការវិនិយោគនៅឡើយទេ ដែលកត្តានេះនឹងជួយសម្រួលច្រើនមែនទែនដល់វិស័យវិនិយោគនៅកម្ពុជា។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តម គង់ វិបុល ក៏ថ្លែងអំណរគុណ ដល់ឯកឧត្តម សុខ ចិន្តាសោភា ចំពោះការអញ្ចើញអគ្គនាយកដ្ឋាពន្ឋដាបង្ហាញពីគោលនយោបាយបង់ពន្ឋដល់អ្នកវិនិយោគនាឳកាសនោះ។ថ្លែងក្នុងសុន្ទរកថា ឯកឧត្តម ខាង អីុ (Kang Yi) ទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌលជំរុញកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតអន្តរជាតិផ្លូវសូត្រ និងជាអតីតប្រធានសមាគមឧស្សាហកម្មលោហៈធាតុចិនបានរំលេច និងទទួលស្គាល់នូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-ចិន តាមរយៈការប្រើប្រាស់នូវយន្តការសម្របសម្រួលដ៏មានប្រសិទ្ធភាពនិងការរួមគ្នាដោះស្រាយរាល់បញ្ហាដែលប្រឈម ដែលគម្រោងវិនិយោគចិនមានសកម្មភាពនៅប្រទេសកម្ពុជានិងកំពុងជួបប្រទះ។ 

ឯកឧត្តមសង្ឃឹមថាវេទិការនាថ្ងៃនេះនិងចូលរួមចំណែកដល់ការជំរុញល្បឿនកិច្ចសហប្រតិបត្តិការវិនិយោគឧស្សាហកម្មរវាងប្រទេសទាំងពីរដែលឆ្លើយតបទៅនិងគំនិតផ្ដួចផ្ដើម ” ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ” ដែលលើកទឹកចិត្តឲ្យក្រុមហ៊ុនចិនមកធ្វើការវិនិយោគនៅក្រៅប្រទេស។គួរបញ្ចាក់ថា យោងតាមលេខដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឃន៍កម្ពុជា ការវិនិយោគរបស់ចិននៅកម្ពុជាពីឆ្នាំ១៩៩៤ ដល់ឆ្នាំ ២០១៧ ត្រូវបានអនុញ្ញាតឲ្យវិនិយោគក្នុងទុនវិនិយោគសរុបប្រមាណ១៦,៣៥ប៊ីលានដុល្លារអាមេរិក។ ដោយឡែកសម្រាប់នៅក្នុងឆ្នាំ២០១៧ក្រុមហ៊ុនចិនបានធ្វើការវិនិយោគក្នុងទឹកប្រាក់សរុបប្រមាណ១,៦៦ប៊ីលានដុល្លារអាមេរិក មានកំនើនប្រជាជនប្រមាណ៦៨%ធៀបនិងឆ្នាំ២០១៦។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.