នាយិកាក្រុមហ៊ុន ប៊្លូមេឌា ជួយទិញកសិផលសហគមន៍ ជូនជាអំណោយដល់គ្រូពេទ្យជួរមុខជុំទី៤

នៅព្រឹកថ្ងៃពុធ ទី២២ ខែមេសានេះ លោកស្រី អគ្គនាយិកាក្រុមហ៊ុន ប៊្លូមេឌា និងមូលនិធិជនបទកម្ពុជា បាននាំយកអំណោយសប្បុរសធម៌ដែលជួយទិញពីប្រជាកសិករក្នុងសហគមន៍ ចែកជូនដល់ក្រុមគ្រូពេទ្យជួរមុខជុំទី៤ នៃមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។

អំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគរៀបជាស្រេច ដែលត្រូវចែកជូនក្រុមគ្រូពេទ្យជួរមុខនេះ រួមមាន៖ ភេសជ្ជៈ ស្ករត្នោត សៀងខ្មែរ ទឹកត្រី មី ត្រីខកំប៉ុង សាប៊ូដុំលាងដៃ និងជែលលាងដៃ។

លោកវេជ្ជ. សួន សាមិត្ត តំណាងលោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលបានចូលរួមបរិច្ចាគនូវអំណោយជាបន្តបន្ទាប់មកកាន់មន្ទីរពេទ្យ និងបានអំពាវនាវអោយបងប្អូនរក្សាអនាម័យ និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លងជម្ងឺកូវីដ-១៩នេះ។

លោកវេជ្ជ. សួន សាមិត្ត បានមានប្រសាសន៍ថា៖ «ក្នុងនាមខ្ញុំជាពេទ្យតំណាងអោយក្រុមគ្រូពេទ្យទាំងអស់ដែលកំពុងតែធ្វើការនេះ ជាពិសេសអ្នកខាងជួរមុខទាក់ទងនឹងកូវីដ-១៩ហ្នឹង យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប៊្លូមេឌា ដែលជាតំណាង ហើយនិងអ្នកសប្បុរសជនទាំងឡាយដែលបានរួមគ្នាជួយដល់ពួកយើងខ្ញុំ ដែលជម្រុញទឹកចិត្តអោយពួកយើងខ្ញុំកាន់តែមានភាពកក់ក្ដៅក្នុងការប្រយុទ្ធទប់ទល់នឹងជម្ងឺកូវីដ-១៩នេះ។»

គួរបញ្ជាក់ថា ក្រៅអំពីការចុះជួយជាអំណោយសប្បុរសធម៌ដល់ក្រុមគ្រូពេទ្យជួរមុខ ក្រុមការងារស្មគ្រចិត្តរបស់មូលនិធិជនបទកម្ពុជា ក៏បានចុះជួយដល់ជនក្រីក្រ ដែលមានជីវភាពខ្វះខាត ហើយយើងនឹងបន្តការជួយទិញកសិផល និងផលិតផលពីប្រជាកសិករក្នុងសហគមន៍ ដើម្បីរួមចំណែកជួយបន្ថែមប្រាក់ចំណូល និងសម្រួលជីវភាពរស់នៅរបស់ពួកគាត់ផងដែរ ។

តាមការលើកឡើងរបស់លោកស្រី នាយិកាក្រុមហ៊ុន ប៊្លូមេឌា ក្នុងទិសដៅ «ការគិតគូរទាំងពេទ្យជួរមុខ និងមិនភ្លេចសុខទុក្ខប្រជាពលរដ្ឋក្រីក្រ» គោលបំណងនៃការជួយទិញកសិផល និងផលិតផលពីប្រជាកសិករ គឺក្នុងពេលតែមួយ ក្រុមការងារបានជួយរកប្រាក់ចំណូលជូនប្រជាកសិករ ពីការលក់ផលិតផលកសិកម្មរបស់ខ្លួន និងដើម្បីយកទៅជួយដល់ពេទ្យជួរមុខវិញ។

សប្បុរសជនអាចបរិច្ចាគតាមរយៈលេខទូរស័ព្ទ ០៩២ ២១៧ ៤៣៤ ឬ ០៩៨ ៦៣២ ៨៦៦ ឬតាមរយៈធនាគារ ABA 000 384 474 (SENG VANNAK) ឬ WING 092 217 434

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

The reCAPTCHA verification period has expired. Please reload the page.